8-03.jpg

តាំង​ពី​ក្មេង​រហូត​ដល់​ពេលនេះ​ ខ្ញុំ​បាន​ធំ​ឡើង​ជិត​អស់​ជីវិត​ទៅ​វិញ​ទៅ​ហើយ​ ខ្ញុំ​ដូចជា​មិន​ទាន់​បាន​ធ្វើ​អ្វី​ដើម្បី​តប​ស្នង​សង​គុណ​មាតាបិតា​ខ្ញុំ​នៅ​ឡើយ។ ស្តាប់​ទៅ​វា​គួរ​ឲ្យ​អាមាស​ណាស់​មែន​ទេ? មិន​តែ​ប៉ុណ្ណោះ​ខ្ញុំ​នៅ​បាន​ធ្វើ​ឲ្យ​គាត់​ពិបាក​ចិត្ត​ជា​រឿយៗ​ថែម​ទៀត,​ពួកគាត់​ស្រឡាញ់​ខ្ញុំណាស់ ពេល​ខ្ញុំ​ចង់​បាន​អី​ ពួក​គាត់​មិន​ដែល​ប្រកែក​ទេ ទោះ​បំណង​តូច​ធំ​ម៉េច​ក្តី​គាត់​មិន​ដែល​ថា​ទេ​នោះ​ទេ ជា​ពិសេស​គឺ​ម៉ែ​របស់​ខ្ញុំ។ ម៉ែ​ខ្ញុំ​ស្រឡាញ់អាណិតនិង​បារម្ភ​ពី​ខ្ញុំ​បំផុត, គាត់​ខំ​ធ្វើ​ការ​ពេញ​មួយថ្ងៃ​ស្ទើរ​តែ​មិន​បាន​សំរាក​កាយ​ដើម្បី​រក​លុយ​មក​ឲ្យ​ខ្ញុំ​បាន​រៀន​សូត្រ​ដល់​ថ្នាក់​នេះ,​ជួន​កាល​គាត់​មិន​ស្រួល​ខ្លួន​តែ​គាត់​មិន​ដែល​ត្អូញ​ត្អែ​រឲ្យ​ខ្ញុំ​ឮ​ទេ។ ខ្ញុំ​ជា​កូន​ប្រុស​តែ​មួយ​ក្នុង​គ្រួសារ​ តែ​ពេល​នេះ​ខ្ញុំ​នៅ​ឆ្ងាយ​ពី​គ្រួសារ មិន​ដឹង​ថា​ម៉ែ​ខ្ញុំ​ និង​គ្រួសារ​ខ្ញុំ​ពិបាក​ប៉ុណ្ណា​ទេ? ពេល​ទូរស័ព្ទ​ទៅ​លេង​ពួកគាត់​ គាត់​តែង​តែ​និយាយ​លួង​លោម​ខ្ញុំ​ឲ្យ​ខំរៀន កុំ​បារម្ភពី​ពួកគាត់​អី​​ តែ​ខ្ញុំ​ដឹង​ថា​ពួកគាត់​មាន​ការ​លំបាក​ជា​ច្រើន​តែ​គាត់​មិន​បាន​ប្រាប់​ខ្ញុំ។ ថ្ងៃនេះ​(០៨/០៣/២០០៨)​ ទិវា​សិទ្ឋ​នារី​អន្តរជាតិ ខ្ញុំ​សូម​បង្ហាញ​ពី​ចិត្ត​គោរព​ស្រឡាញ់​ស្មើ​នឹង​អាយុ​ជិវិត​របស់​ខ្ញុំ​ចំពោះ​ពុក​ម៉ែ​របស់​ខ្ញុំ ,សូម​ឲ្យ​ថ្ងៃ​នេះ​​ជា​ថ្ងៃ​ដ៏មាន​ជ័យ ជា​ថ្ងៃ​ដែល​ពួកគាត់​មាន​សេចក្តី​សុខ​បំផុត​ក្នុង​លោក សូម​ឲ្យ​ទេវតា​ជួយ​ថែរក្សា​មាតាបិតា​ខ្ញុំ​ឲ្យ​ទទួល​បាន​តែ​សេចក្តី​សុខ​ជា​រៀង​រហូត។

បង​ប្អូន​ស្រី​ខ្ញុំ ,ថ្វី​ត្បិត​តែ​ពេល​ខ្លះ​តែ​ង​តែ​ឈ្លោះ​ប្រ​កែក​គ្នា​ព្រោះ​តែ​ការ​ចំអន់​លេងក៏​ពិត​មែន តែ​បង​ប្អូន​​ខ្ញុំស្រឡាញ់គ្នាណាស់។ នៅ​ចាំ​ពេល​មួយ​ខ្ញុំ​និង​បង​ស្រី​ខ្ញុំ​ឈ្លោះ​គ្នា​ខ្លាំងណាស់​ដោយ​សារ​តែ​នៅ​ក្មេង​ៗ​តែង​តែ​ចង់​យក​ឈ្នះ​គ្នា​​​ តែ​មិន​យូរ​ប៉ុន្មាន​ខ្ញុំ​និង​គាត់​ក៏​ជានា​នឹង​គ្នា​វិញ។​ពេល​ដែល​បែក​ពី​គាត់​ខ្ញុំ​នឹក​គាត់​ខ្លាំងណាស់, និយាយ​ៗ​ទៅ​គួរ​ឲ្យ​អាណិតគាត់​ណាស់ គ្រួសារ​ខ្ញុំជួបការ​លំបាក​ គាត់​ជា​កូន​ស្រី​ច្បង​សុខ​ចិត្ត​បោះ​បង់​ការ​សិក្សា​ដើម្បី​រក​លុយ​មក​ជួយ​ទំនុក​បំរុង​គ្រួសារ​និង​ជួយ​ឧបត្ថម្ភ​ឲ្យ​ខ្ញុំ​បាន​រៀន​ខ្ពង់​ខ្ពស់​ទៀត​ផង។ ក្នុង​ឱកាស​នេះ​ ​ខ្ញុំ​សូម​ជូមពរ​បង​ស្រី​តែ​មួយ​របស់​ខ្ញុំ​សូម​ឲ្យ​គាត់​បាន​សេចក្តី​សុខ​គ្រប់​ពេល​វេលា ហើយ​ក៏​​សុំ​អភ័យ​ទោស​ចំពោះ​​គ្រប់​រឿង​ទាំង​ឡាយ​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យគាត់​មិន​សប្បាយ​ចិត្តកន្លង​មក។

ចំនែក​ប្អូន​ស្រី​ខ្ញុំ​វិញ​​ គួរ​ឲ្យ​ស្រឡាញ់ណាស់​ ហើយ​ក៏​គួរ​ឲ្យអាណិត​ទៀត​ផង, នៅ​ចាំ​​ថ្ងៃ​ដែល​ខ្ញុំ​ចេញ​មក​វៀតណាម​ នាង​យំ​តាម​ មើល​ទៅ​គួរ​ឲ្យ​សង្វេក​ប្អូន​ណាស់,ឥឡូវ​នេះ​កាន់​តែ​អាណិត​នាង​ថែម​ទៀត​ព្រោះ​នាង​មាន​តែ​ម្នាក់​ឯង​នៅ​ផ្ទះ​មើល​ថែ​ពុក​ម៉ែ. ខ្ញុំ​ក៏​សូម​ឲ្យ​ថ្ងៃ​សិទ្ឋ​នារី​នេះ​ក្លាយ​ជា​កំឡាំង​កាយ​ចិត្ត​មាន​ប្អូន​ស្រី​ខ្ញុំ​ និង​ សូម​ឲ្យ​ប្អូន​ស្រី​បង​ក្លាយ​ជា​នារី​ល្អនិង​គួរ​ស្រឡាញ់​ពេញ​បេះ​ដូង​បង​ប្រុស​ជា​រៀង​រហូត​ទៅ!

 

តើ​អ្នក​បាន​ធ្វើ​អ្វី​សំរាប់​អ្នក​ម្តាយ​របស់​អ្នក​ហើយ​ឬ​ទៅ??? សូម​ប្រញាប់​ឡើង!!

មិន​បាន​ធ្វើ​អ្វី​ក៏​បាន​ដែរ​

ត្រឹម​តែ​កុំ​ឲ្យ​គាត់​ពិបាក​ចិត្ត​ដោយ​សារ​យើង​គឺ​ល្អ​ណាស់​ហើយ!!!